ក្របខ័ណ្ឌ La Liga នាយប់នេះ ក្រុមយក្សនៅទីក្រុង Madrid ទាំងពីរនឹងត្រូវចូលទីលានប្រកួតគ្នាហើយ ពោលគឺម្ចាស់ផ្ទះ Atletico Madrid បើកផ្ទះស្វាគមន៍ក្រុម Real Madrid នាម៉ោង១០:០០នាទីយប់នេះ។ ចាំមើលក្រុមលោក Simeone អាចយកឈ្នះក្រុមម្ចាស់ពានរង្វាន់ FIFA Club World Cup បានដែរឬទេ?
សម្ដីអ្នកចាត់ការក្រុមទាំងពី
លោក Diego Pablo Simeone អ្នកចាត់ការក្រុម Atletico Madrid បាននិយាយមុនប្រកួតយប់នេះថា៖ “ខ្ញុំមិនចង់និយាយអ្វីច្រើននៅមុនពេលប្រកួតនោះទេ។ រឿងតែមួយគត់ដែលអាចនិយាយបាននោះគឺទំនុកចិត្តនិងជើងកីឡាករតែប៉ុណ្ណោះ។ ប៉ះ Real Madrid ក្រុមរបស់យើងលេងបានល្អខ្លាំងណាស់ ហើយប្រកួតយប់នេះ ខ្ញុំក៏សង្ឃឹមអីចឹងដែរ។ Mandzukic និង Griezmann គឺអាចចូលលេងបានទាំងពីរនាក់ក្នុងប្រកួតនេះ ដូច្នេះយើងមិនមានបញ្ហាព្រួយបារម្ភពីជើងកីឡាករនៅតំបន់ប្រយុទ្ធឡើយ”។
ចំណែកឯលោក Carlo Ancelotti វិញបាននិយាយដែរថា៖ “យើងមានទំនុកចិត្តណាស់ក្នុងប្រកួតយប់នេះទោះជាបាត់បង់កីឡាករប៉ុន្មាននាក់ក៏ដោយ។ យើងត្រូវតែធ្វើឱ្យបានល្អដូចប្រកួតកន្លងមកអីចឹង។ គ្រប់គ្រងបាល់ ល្បឿនប្រយុទ្ធនិងការពារគឺជារឿងសំខាន់ដែលមិនអាចធ្វេសប្រហែសបានឡើយ។ អ្វីដែលខ្ញុំបានផ្ដាំទៅកីឡាកររបស់យើងទាំងអស់នោះគឺសូមប្រយ័ត្នចំពោះកាយវិការរបស់ខ្លួន”។
ជើងកីឡាករ
ម្ចាស់ផ្ទះ At Madrid មិនមានបញ្ហាកីឡាករអីច្រើននោះទេ បន្ទាប់ពី Mandzukic និង Griezmann គឺអាចចូលលេងវិញបានទាំងពីរនាក់។ ចំណែកឯ Arda Turan និង Cristian Ansaldi វិញមិនទាន់ច្បាស់នៅឡើយទេ ថាអាចបានលេងឬអត់ប៉ុន្តែសាមីខ្លួនបញ្ញាក់ថាគ្មានបញ្ហា។ ដូច្នេះប្រកួតយប់នេះ អ្នកចាត់ការវ័យ៤៤ឆ្នាំខាងលើអាចនឹងប្រើក្បួន៤-៤-២ ដែលមានកីឡាករដូចជា Moya , Juanfran , Godin , Miranda , Siqueira , Turan , Gabi , Tiago , Koke , Mandzukic និង Griezmann ។
ងាកទៅខាងក្រុម Real Madrid វិញមានកីឡាករច្រើនអវត្តមាននៅរាត្រីនេះ គឺ Luka Modric , Pepe , Ramso , Rodriguez ។ ចំណែកឯ Marcelo វិញក៏មិនទាន់ច្បាស់ថាបានលេងឬអត់ដែរ។ ដូច្នេះលោក Ancelotti អាចប្រើក្បួន ៤-៣-៣ ដែលមានកីឡាករ Casillas , Carvajal , Nacho , Varane , Coentrao , Isco , Kroos , Jese Rodriguez, Bale , Benzema និង Ronaldo ។
ប្រវត្តិជួបគ្នា<\br><\br>
ក្រុមទាំងពីរនេះ បើគិតត្រួសៗទៅធ្លាប់បានជួបគ្នា៤៩ដងមកហើយ ដែលក្នុងនោះ At Madrid ឈ្នះតែ៧ដង ស្មើ ១២ដង និងចាញ់ Real Madrid រហូតដល់៣០ដង។ ប៉ុន្តែបើនិយាយតែ៥ប្រកួតចុងក្រោយនេះវិញស្ដេចសមិនដែលឈ្នះ Atletico Madrid នោះទេ តាមត្រឹមស្មើ២ចាញ់៣ដង។
0 comments:
Post a Comment